Revelation of John 1

1នេះជា​ការបើកសំដែង​របស់​ព្រះ​យេស៊ូគ្រិស្ត​ដែល​ព្រះជាម្ចាស់​បាន​ប្រទានដល់ព្រះអង្គ​ដើម្បី​បង្ហាញ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ឲ្យ​ឃើញហេតុការណ៍​ដែល​ត្រូវកើតឡើងឆាប់ៗនេះ។ ​ព្រះ​យេស៊ូ​បាន​បង្ហាញ​ដោយ​ចាត់ទេវតា​របស់​ព្រះអង្គ​ទៅ​ឯ​លោក​យ៉ូហាន​ជា​បាវបម្រើ​របស់​ព្រះអង្គ 2លោកយ៉ូហាន​បាន​ធ្វើបន្ទាល់​ពី​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់និង​សេចក្ដី​បន្ទាល់​របស់​ព្រះ​យេស៊ូគ្រិស្ដ​គឺ​ជា​ហេតុការណ៍​ទាំងឡាយ​ដែល​គាត់​បាន​ឃើញ 3មានពរ​ហើយអ្នក​ណា​ដែលអាននិងស្ដាប់ពាក្យថ្លែង​ព្រះ​បន្ទូល​ទាំងនេះ​ហើយកាន់តាមសេចក្ដីទាំងឡាយ​ដែល​បាន​ចែងទុកនៅក្នុងនោះដ្បិតពេលកំណត់ជិត​មក​ដល់​ហើយ។ 4ខ្ញុំយ៉ូហានជូនចំពោះក្រុមជំនុំ​ទាំង​ប្រាំពីរនៅ​ស្រុក​អាស៊ី។ ​សូម​ឲ្យ​អ្នករាល់គ្នា​ទទួល​បាន​ព្រះ​គុណនិង​សេចក្ដី​សុខសាន្តពី​ព្រះអង្គ​ដែលគង់នៅ​សព្វ​ថ្ងៃ​គង់នៅ​តាំង​ពី​ដើម​ហើយ​ដែល​ត្រូវ​យាងមកនិង​ពី​ព្រះ​វិញ្ញាណ​ទាំង​ប្រាំពីរ​ដែល​នៅពីមុខបល្ល័ង្ករបស់ព្រះអង្គ 5ព្រមទាំងពី​ព្រះ​យេស៊ូគ្រិស្ដ​ជា​សាក្សី​ដ៏​ស្មោះត្រង់​ជា​កូនច្បងនៃ​ពួក​មនុស្ស​ស្លាប់និង​ជា​អ្នកគ្រប់គ្រង​លើ​អស់ទាំង​ស្ដេចនៅផែនដី។ ​សូម​ឲ្យ​ព្រះអង្គ​ដែលស្រលាញ់យើងហើយ​បាន​រំដោះយើង​ឲ្យ​រួចពីបាបដោយសារឈាមរបស់ព្រះអង្គ 6ព្រមទាំងធ្វើ​ឲ្យ​យើង​ត្រលប់​ជានគរមួយ​និង​ជា​ពួក​សង្ឃ​សម្រាប់​ព្រះជាម្ចាស់​ដែល​ជា​ព្រះ​វរ​បិតារបស់ព្រះអង្គ​បាន​ប្រកប​ដោយ​សិរីរុងរឿងនិង​ព្រះ​ចេស្ដា​រហូត​អស់កល្ប​ជានិច្ច។ ​អាម៉ែន 7មើល៍ព្រះអង្គ​យាង​មកនៅលើពពក​នោះ​គ្រប់ទាំងភ្នែក​នឹង​ឃើញព្រះអង្គ​សូម្បី​តែ​ពួក​អ្នកដែល​បាន​ចាក់ព្រះអង្គ​ផង​ហើយមនុស្សទាំងអស់​នៅ​លើ​ផែនដី​នឹង​ទួញសោកដោយព្រោះព្រះអង្គ​នោះ​ប្រាកដ​ជា​មាន​ដូច្នោះ​មែន។ ​អាម៉ែន 8ព្រះអម្ចាស់ដ៏​ជា​ព្រះដែលគង់​នៅ​សព្វ​ថ្ងៃគង់​នៅ​តាំង​ពី​ដើមហើយ​ដែល​ត្រូវ​យាងមក​គឺ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់​ព្រះអង្គ​មានបន្ទូលថា៖ ​«យើងជាអាល់ផានិង​ជា​អូមេកា»។ 9ខ្ញុំយ៉ូហាន​ជា​បងប្អូន​របស់​អ្នករាល់គ្នា​ហើយ​ជា​អ្នក​រួម​ចំណែក​ជាមួយ​អ្នករាល់គ្នា​នៅក្នុង​ព្រះ​យេស៊ូ​គឺ​នៅក្នុង​សេចក្ដី​វេទនា​នៅក្នុង​នគរនិង​នៅក្នុង​ការស៊ូទ្រាំ។ ​ខ្ញុំ​បាន​នៅលើកោះប៉ាត់ម៉ុសដោយព្រោះ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់និង​សេចក្ដី​បន្ទាល់​របស់​ព្រះ​យេស៊ូ 10នៅថ្ងៃ​របស់​ព្រះអម្ចាស់​ខ្ញុំ​បាន​លង់នៅក្នុងវិញ្ញាណហើយ​ខ្ញុំ​បាន​សំឡេងយ៉ាងខ្លាំង​មួយ​ដូចជា​សំឡេង​ត្រែនៅពីក្រោយខ្ញុំ 11បន្លឺឡើង​ថា៖ ​«អ្វី​ដែល​អ្នក​ឃើញ​ចូរ​សរសេរទុកក្នុងសៀវភៅមួយហើយផ្ញើទៅក្រុមជំនុំ​ទាំង​ប្រាំពីរ​ដែល​នៅ​ក្រុង​អេភេសូរ​ក្រុង​ស្មឺណា​ក្រុង​ពើការម៉ុស​ក្រុង​ធាទេរ៉ា​ក្រុង​សើដេស​ក្រុង​ភីឡាដិលភា​និង​ក្រុង​ឡៅឌីសេ»។ 12ខ្ញុំក៏បែរទៅមើលសំឡេងដែលមានបន្ទូលមកខ្ញុំ​នោះ​ពេល​បែរទៅ​ហើយ​ខ្ញុំ​ក៏​ឃើញ​ជើងចង្កៀងមាសប្រាំពីរ 13ហើយនៅកណ្ដាលជើងចង្កៀង​នោះ​មាន​ម្នាក់​ដូចជាកូនមនុស្សពាក់អាវវែងដល់ជើងហើយពាក់ខ្សែក្រវាត់មាសនៅដើមទ្រូង​ផង។ 14សក់របស់​លោកដូចជារោមចៀមពណ៌​គឺ​ស​ដូចជាព្រឹលហើយភ្នែក​របស់​លោកដូចជាអណ្ដាតភ្លើង 15ជើងរបស់​លោកដូចជាលង្ហិន​ដ៏​ភ្លឺ​រលោង​ដែល​គេ​ដុតនៅក្នុងឡភ្លើងហើយសំឡេង​របស់​លោកដូចជាសំឡេងទឹកជាច្រើន​ដែល​ឮ​យ៉ាងខ្លាំង 16លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ​ក៏​មាន​ដាវមុខពីរ​ដ៏​មុតចេញពីមាត់លោក​មក​ហើយមុខលោកដូចជាព្រះអាទិត្យភ្លឺ​ពេញ​កំដៅ 17ពេលខ្ញុំឃើញលោក​ខ្ញុំ​ក៏​ដួលនៅទៀបជើង​របស់​លោកដូចជា​មនុស្ស​ស្លាប់ប៉ុន្ដែ​លោក​បាន​ដាក់​ដៃ​ស្ដាំលើខ្ញុំ​ទាំង​និយាយថា៖ ​«កុំខ្លាច​អី! ​យើងជាមុនគេនិង​ជា​ក្រោយគេ 18ហើយជា​ព្រះ​ដ៏​រស់​យើង​បានស្លាប់ប៉ុន្ដែមើល៍យើងរស់នៅរហូតអស់កល្បជានិច្ច​យើង​ក៏​មានកូនសោ​នៃ​សេចក្ដី​ស្លាប់និង​កូន​សោ​នៃ​ស្ថាននរក​ដែរ។ 19ដូច្នេះចូរ​កត់ត្រា​ហេតុការណ៍​ទាំងឡាយ​ដែល​អ្នក​បាន​ឃើញ​គឺ​ហេតុការណ៍​នៅពេល​នេះ​និងហេតុការណ៍ដែល​នឹង​មក​តាមក្រោយ។ 20រីឯអាថ៌កំបាំង​អំពី​ផ្កាយ​ទាំង​ប្រាំពីរដែល​អ្នក​បាន​ឃើញនៅ​ដៃ​ស្ដាំ​របស់​យើងនិងជើងចង្កៀងមាស​ទាំង​ប្រាំពីរ​នោះ​គឺ​ដូច្នេះ​ផ្កាយ​ទាំង​ប្រាំពីរជាទេវតារបស់ក្រុមជំនុំ​ទាំង​ប្រាំពីរហើយជើងចង្កៀង​ទាំង​ប្រាំពីរជាក្រុមជំនុំ​ទាំង​ប្រាំពីរ​នោះ​ហើយ»។
Copyright information for KhmKCB